- Lionel Messi ជាកីឡាករដែលមានប្រាក់តម្លៃពលកម្មខ្ពស់បំផុតនៅលើលោកនេះ ដោយ១ឆ្នាំរូបគេទទួលបាន៨០លានដុល្លារឯណោះពីក្រុម FC Barcelona ។ នេះបើតាមកុងត្រាថ្មីរបស់គេដែលចុះនៅឆ្នាំ២០១៧កន្លងទៅ។

បើទោះជាទទួលបានប្រាក់ក្បែរ១០០លានដុល្លារពីក្រុម FC Barcelona យ៉ាងនេះក្ដី ប៉ុន្តែខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះ នៅតែរក្សាចិត្តចង់ចាកចេញដដែលនៅរដូវកាលនេះ។ ការមិនបារម្ភជាមួយប្រាក់ក្បែរ១០០លានដុល្លារនេះ ក៏ព្រោះថា Messi នៅមានជំនួញជាច្រើនទៀតក្នុងដៃ ក៏ដូចជាក្រុមហ៊ុនធំៗជាច្រើនសុទ្ធតែបានកុងត្រាលើគេ ដើម្បីជួយផ្សព្វផ្សាយ។ បើតាមប្រភពពី Forbes កីឡាករ Messi នេះ រកបានយ៉ាងតិច៣៥លានដុល្លារពីក្រុមហ៊ុនជាច្រើនដូចជា Gatorade, Huawei, Mastercard និង Pepsi ជាដើម។

មួយវិញទៀត កីឡាករវ័យ៣៣ឆ្នាំខាងលើនេះ ក៏មានកុងត្រាមួយជីវិតជាមួយក្រុមហ៊ុនសម្ភារៈកីឡា adidas ផងដែរ។ ដោយ១ឆ្នាំ រូបគេនឹងទទួលបានប្រាក់១២លានដុល្លារ ដោយគ្រាន់តែប្រើប្រាស់សម្ភារៈក្រុមហ៊ុននេះ។ ក្រៅពីធ្វើការងារជាមួយក្រុមហ៊ុនឯកជននេះហើយ Messi ក៏មានមុខជំនួញបើកផ្ទាល់ខ្លួនផងដែរ។ បុរសស្មោះស្នេហ៍រូបនេះ បានបើកសណ្ឋាគារមួយនៅក្រុងបាសេឡូណា ក្បែរមាត់សមុទ្រ ដែលមាន៧០បន្ទប់។ ដោយសណ្ឋាគារនោះមានឈ្មោះថា Hotel MiM Sitges។ ក្រៅពីនេះ Messi ក៏បានចូលហ៊ុនជាមួយក្រុមហ៊ុននាឡិកា Jacob & Co. ផងដែរកាលពីឆ្នាំមុន ដោយបង្កើតជា Brand មួយឈ្មោះថា JACOB&MESSI។

ដោយការរៀបរាប់ទាំងអស់នេះ នៅមិនទាន់គិតបញ្ចូលការបង្ហោះផ្សាយពាណិជ្ជកម្មនានាដែលរូបគេបានធ្វើនៅលើបណ្ដាញសង្គម Instagram នោះទេ។ កត្ដាប្រាក់រត់ចូលគ្រប់ច្រកនេះហើយ ទើបបានជា Messi ត្រូវបានគេមើលឃើញថាត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះ រូបគេនឹងក្លាយជាអ្នកកីឡាទី៤ហើយ ដែលមានទ្រព្យសម្បត្តិដល់១ពាន់លានដុល្លារ។ ដោយ៣នាក់មុននោះមាន Tiger Wood , Floyd និង Ronaldo ៕
ប្រភព៖ Businessinsider អត្ថបទ៖ ប្រុស យុទ្ធ