ឃាត់ខ្លួនបានហើយ អ្នកបើករថយន្តដឹកដីដែលបើកបំបុក យុវជនម្នាក់ខេត្តកំពង់ឆ្នាំង

ព្រះរាជអាជ្ញាខេត្តកំពង់ឆ្នាំង បញ្ជាឲ្យនគរបាល ឃាត់ខ្លួនបុរស ដែលបើករថយន្តដឹកដី បុកយុវជនម្នាក់ បណ្ដាលឲ្យ​រងរបួស​ធ្ងន់​ ប៉ើងដូចក្រដាសនោះ មកធ្វើការសួរនាំនិងធ្វើកំណត់ហេតុ ដោះស្រាយតាមផ្លូវច្បាប់ នាព្រឹកថ្ងៃ០៤.១០.២០២០នេះ នៅអធិការរដ្ឋានស្រុកកំពង់ត្រឡាច និងបញ្ជូនមកកាន់ស្នងការនគរបាលខេត្ត។អ្នកបើកបររថយន្តដឹកដីឈ្មោះ វើក វន្នី ភេទប្រុសអាយុ២៩ឆ្នាំ នៅភូមិស្ទឹង ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ឧត្តមសេនីយ៍ត្រី កេត យ៉ុង ស្នងការរងទទួលផែនចរាចរណ៍បានបញ្ជាក់ឲ្យដឹងថា៖ ករណីរថយន្តដឹកដី បុកយុវជនម្នាក់ឈរនៅលើចិញ្ចើមផ្លូវ គឺបានកើតនៅថ្ងៃទី២៦ ខែ៩ ឆ្នាំ២០២០ នៅភូមិថ្មី ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ក្រោយកើតហេតុភាគីទាំងសងខាងមិនបានមកប្រាប់សមត្ថកិច្ចទេ ដោយធ្វើការសម្របសម្រួលគ្នាក្រៅប្រព័ន្ធច្បាប់ ខាងរថយន្តចេញសំណងសងថ្លៃព្យាបាលទៅឱ្យខាងយុវជនដែលឈរនៅលើចិញ្ចើម​ផ្លូវ​។ក្រោយកើតហេតុ៣ថ្ងៃទើបខាងភាគីរថយន្តយកលុយទាំងនោះដែលជួយចេញសងថ្លៃព្យាបាល មកប្រគល់សមត្ថកិច្ចនៅអធិការស្រុកកំពង់ត្រឡាច ឱ្យជួយដឹងលឺ។ ជនរងគ្រោះមិនបណ្ដាលឲ្យស្លាប់ទេតែរបួសធ្ងន់។ក្រោយ៣ទៅ ៤ថ្ងៃ ក៏មានការបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកឡើង ហើយបានបង្កឱ្យមានការភ្ញាក់ផ្អើល ។ទើបសមត្ថកិច្ចនគរបាលចរាចរណ៍ធ្វើការស៊ើបអង្កេតបន្ទាន់ទៅលើករណីនេះ ដោយមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញា ក៏បានឃាត់ខ្លួនបុរសដែលបើករថយន្តដឹកដីនោះនៅព្រឹកថ្ងៃនេះដើម្បីអនុវត្តតាមនីតិវិធីច្បាប់។តាមវីដេអូឃ្លីប ថតបានស្ដែងស្ដែងដោយបងប្អូនរបស់ជនរងគ្រោះផ្ទាល់ ដែលជាលក្ខណៈថតលេងមុនកើតហេតុការណ៍ ហើយបង្ហោះនៅលើហ្វេសប៊ុក ឃើញ​ថា​ មាន​យុវជនមួយក្រុមឈរជុំគ្នាក្បែរផ្លូវ ក៏មានរថយន្តបែនដឹកដីបើកមក ហើយស៊ីផ្លេជាច្រើនដង ប៉ុន្តែក្រុមយុវជនដែលឈរនៅលើ ចិញ្ចើម​ផ្លូវហាក់មិនសូវចាប់អារម្មណ៍ ឃើញដែរតែហាក់ដូចជាប្រមាថ។ចំណែកអ្នកបើកបររថយន្តបែនដឹកដីវិញ ក៏មិនណយដែរបើកបរមានល្បឿនលឿនមិនបានបង្អង់ឬក៏ជាន់ហ្វ្រាំងឬក៏គេចបន្តិចឡើយ ដោយបោះពួយទៅបុកយុវជននោះចំហៀងក្បាលរថយន្តបណ្ដាលឱ្យរងរបួសធ្ងន់តែម្ដង។ ចំពោះ​រឿងនេះ​សម្រេច​យ៉ាងណា​សំណុំរឿងបាន​ដល់ដៃ​តុលា​ហើយ​ រងចាំមើល​និតិវិធីបន្ត​របស់​តុលា​ទៀត​ចុះ​៕